Wednesday, December 22, 2010

រមណីយដ្ឋានទេសចរណ៍ថ្មរូង


   អូរថ្មរូងស្ថិត​នៅក្នុង​ភូមិព្រៃ​ប្រសិទ្ធិ៍​ ឃុំបាក់​រទេះ ​ស្រុក​  កំ​ពង់​សិលា ​ខេត្ត​កោះកុង​ នៅក្បែរ​​ចំណុច​ប្រសព្វ​រវាង​ខេត្ត​កោះកុង​ និង​ខេត្ត​កំពង់​ស្ពឺ ​។ បើ​យើងធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​លើ​កំណាត់​ផ្ទះជាតិ​លេខ​ ៤ ឆ្ពោះ​ទៅទី​ក្រុង​ព្រះ​សីហនុ​ដល់​គីឡូម៉ែត្រ​លេខ​ ១១៨​ ដែល​ហួស​ពី​ចំណោត​យាយ​ម៉ៅ​ពេជ្រ​និល​បាន​ប្រមាណ​ ១២​ គីឡូម៉ែត្រ​ រួច​ក្រឡេក​មើលខា​ង​ស្តាំដៃ​ យើង​នឹង​បាន​ឃើញ​ ផ្លូវ​លំក្រាល​ក្រួសក្រហម​មួយហើយ​បន្ត​ដំណើរ​លើ​កំណាត់​ផ្លូវ​នោះ ៦ គីឡូ​ម៉ែត្រ​នឹង​បាន​ទៅ​ដល់​ អូរ​ថ្មរូង​ ។
នៅ​អមសង​ខាង​រមណីយ​ដ្ឋានអូរ​ថ្មរូង​មានល​ក្ខណៈពិ​សេស​ និង ល្អ​ខុសប្លែក​ពីរមណីយដ្ឋាន​ផ្សេងៗដោ​យសារ ​តែនៅ​អមសង​ខាងអូរ​មានភ្នំ​ខ្ពស់ទាបៗ​ដែលមាន​ព្រៃ និង​ វល្លិ៍ធ្លាក់​សំយាក​ទៅក្នុងអូ​រដែល​ធ្វើឱ្យ​អ្នកទេសចរ​ដែលចុះ​ទៅ ងូត​ទឹកលេង​មាន​សភាព​សប្បាយ​រីករាយ​ ជាមួយ​នឹង​ធម្មជាតិ​ ។ រឹត​តែ​ពិសេស​ជាង​នេះទៅ​ទៀត នៅ​គ្រប់​ទីក​ន្លែង​នៃ បាត​អូរមាន​ដុំថ្ម​តូចធំ​យ៉ាងច្រើន​មានខ្លះ​ងើបផុត​ពីផ្ទៃ​ទឹកអាច​ឱ្យភ្ញៀ​វ​អង្គុយលេ​ងយ៉ាងសប្បាយ​រីករាយ​ឯដុំ​ថ្មខ្លះ​ បាន​នៅបំប្រះ​ទឹកដែល​ភ្ញៀវអាច​ឈរនៅ​លើដុំ​ថ្ម​ប៉ប្រះ​ទឹក​នោះ​  មើល​ពីចម្ងាយ​ទៅហាក់​ដូចជា​ គេមាន​សិល្ប៍​វេទមន្ត​ អាច​ដំណើរ​លើទឹក​បាន ​។
ក្រៅពី​មើលខ្សែ​ទឹកហូរ​រត់គេច​វាងជា​មួយនឹង​ផ្ទាំងថ្ម​ដែលងើប​ផុតពី​ផ្ទៃទឹក​នោះ ភ្ញៀវអាច​ស្តាប់សំឡេង​ទឹកធ្លាក់​ លាន់រំ​ពឹងព្រៃ​លាយឡំ​ជាមួយ​នឹង​សំឡេង​សត្វបក្សី​យំយ៉ាង​រំពងព្រៃ​ផងនោះ​បានបង្កើ​តជាតន្ត្រី​ធម្មជាតិ​មួយ​យ៉ាង​ពីរោះ​ ដែលយើង​ពិបាក​នឹងរកអ្វី​មកប្រៀប​ប្រដូច​ឱ្យស័ក្តិ​សមណាស់​ ។
រមណីយដ្ឋាន អូរថ្មរូងមានតំបន់កម្សាន្តលំហែកាយខុសៗគ្នាចំនួន ៤ ។ តំបន់ អូរថ្មរូងស្ថិតនៅដើមដំបូងគេ តំបន់នេះ​មានដង​អូរហ៊ុម​ព័ទ្ធសង​ខាងទៅ​ដោយភ្នំ​ដែលមាន​ដើមឈើ ​និង ​វល្លិវា​រយីង​រយោង​យ៉ាង​ក្រាស់ ​។ នៅក្នុង​ ដង​អូរ​មាន​ដុំថ្ម​ធំៗយ៉ាង​ច្រើន​ងើបផុត​ពីផ្ទៃ​ទឹក តំ​បន់​នេះ ចម្ងាយ​ប្រវែង​​១.៥០០​ ម៉ែត្រ​នឹង​មាន​ចរន្ត​ទឹកហូរ​មិន​សូវ​ខ្លាំង​ ប៉ុន្មាន​ឡើយ​ ។ តំបន់​អូរថ្មរូង​ទីពីរ​លាត​សន្ធឹង​ចម្ងាយ​ ១.១០០​ ម៉ែត្រ​ ដែល​មាន​ទេសភាព​មិន​ចាញ​តំបន់​ទីមួយ​ឡើយ​ ប៉ុន្តែ​តំបន់​នេះមាន​ល្បឿន​ទឹកហូ​រលឿន​ជាង​តំបន់​ទីមួយ​ព្រោះ​តំបន់​នេះ​ស្ថិត​នៅ​ភាគ​ខាង​លើ ​។ តំបន់​ទីបី​គឺជា​តំបន់​ ទឹកធ្លាក់​ចំណុច​នេះហើយ​ដែលភ្ញៀវ​ទេសចរ​ទាំងឡាយ​ ដែលបា​នទៅ​ដល់ទី​នោះហើយ​ត្រូវតែ​ចង់ឃើញ​នូវ​ទិដ្ឋ​ភាព​នៃ​ ទឹកធ្លាក់​ពី​កំពូល​ភ្នំខ្ពស់​មកប៉ះ​ព្រៃប្រឹក្សា​និង​ ផ្ទាំង​ថ្មធំៗ​បែកខ្ចាយ​មុននឹង​ហូរចូល​ទៅដង​អូរ ។ ទិដ្ឋ​ភាព​ និង​ ទេស​ភាព ​នៅ​ទីនេះ​បានធ្វើ​ឱ្យភ្ញៀវ​ទាំងឡាយ​សម្លឹងផ្តិត​យករូ​ប​ភាព​ដោយ​មិនអាច​ប៉ប្រិច​ភ្នែកឡើយ ​។ ភ្ញៀវខ្លះ​នាំគ្នា​ទៅងូត​ទឹកនៅ​ ខាង​ក្រោម​នៃល្បាក់​ទឹកធ្លាក់​យ៉ាងសប្បាយ​រីករាយ​ និង​ តំបន់​ទីបួន​គឺជា​តំបន់​ទេសភាព​ធម្មជាតិ​ដែលស្ថិត​នៅអម​សងខាង​អូរ​ ភ្ញៀវ​ទេសចរ​ទាំងឡាយ​អាចទៅ​អង្គុយលេង​នៅតាម​ជម្រាល​នៃជើង​ភ្នំ ​ឬក៏​អ្នកខ្លះ​អាចអង្គុយ​លេងនៅ​លើវល្លិ៍​ដែលដុះ​តភ្ជាប់​គ្នា ពីដើម​ឈើមួយ​ទៅដើម​ឈើមួយ​ទៀត ​។ ទេសភាព​បែបនេះ​គេកម្រ​នឹង​ឃើញ​មាន​ណាស់​ នៅក្នុង​ប្រទេសកម្ពុជា​យើងសព្វថ្ងៃ​នេះ ។

No comments:

Post a Comment