ពាក្យ អប្សរ ដែលពាក្យសំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី គឺ អច្ឆរា ជាស្រីមានសម្បុរថ្លាស្រស់, ផូរផង់ ឬស្រីមានមុខថ្លាស្រស់បំព្រង ។ តាមសេចក្ដីតំណាលក្នុងគម្ពីព្រាហ្មណ៍ថា ស្រ្តីសួគ៌ពួកមួយដែលផុសឡើងពីទឹក ក្នុងកាលដែលកូរយកទឹកអម្ឫត នៅសមុទ្រទឹកដោះ ។ បានសេចក្ដីថា ក្នុងចលនាកូរមានលេចចេញពីផ្ទៃសមុទ្រនូវសត្វចម្លែកអស្ចារ្យជា ច្រើនជាបន្តបន្ទាប់ ដែលក្នុងខណៈនោះក៏មានចេញនូវតួនាងទេពអប្សរជាច្រើន ពត់ពេនខ្លួនរាំនៅលើអាកាស ។ ប៉ុន្តែតាមការពិតមិនមែនដូចច្នោះទេ, ដែលហៅ ថា អប្សរ ឬ អប្សរា នោះដោយសេចក្ដីថា “ ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរផង់ឬស្រីសួគ៌ឆើតឆោម” ។
ក្នុងការប្រើប្រាស់ពាក្យនេះ ខ្មែរប្រើក្លាយជា អក្សរ ក៏មាន ដូចជាពាក្យ ស្រីអក្សរ, ស្រីទេពអក្សរបវរកញ្ញា ជាដើម ។ យើងគួរតែកុំប្រើ ហើយត្រូវប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ ។

រូប នាងត្រូវបានបុព្វបុរសខ្មែរឆ្លាក់លើសិលានៃប្រាសាទជាច្រើន ពិសេសប្រាសាទអង្គរវត្ត ដែលមានរូបនាងរាបពាន់ក្នុងសណ្ឋានខុសប្លែកពីគ្នា ។ នាងអប្សរាក៏រាំនូវរបាំផ្សេងៗដែរ ដូចជា របាំទេពមនោរម្យ និង របាំមុនីមេខលាជាដើម ។

របាំអប្សរាត្រូវបានបង្កើតឡើងដោយ សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ ជាព្រះអនុជនៃព្រះករុណាព្រះបាទនរោត្ដម សុរាម្រឹត ។ ព្រះនាយិការមានគំនិតបង្កើតរបាំនេះឡើង គឺដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែ ដែលតែងតែប្រព្រឹត្តទៅនៅរាល់ដំណាច់ឆ្នាំសិក្សាម្ដងៗ ។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងនៅក្នុងឆ្នាំ ១៩៥៨ ដែលរាំជាតួឯកដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម វិជ្ជរា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទនរោត្ដម សុរាម្រឹត ។ ឆ្នាំបន្ទាប់រាំដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុជាតិវត្តីយា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទ នរោត្ដម សីហនុ ដែលបង្ហាត់ដោយអ្នកគ្រូ ជា សមី ។
ការ រាំនៅសម័យនោះមានលំនាំប្រហាក់ប្រហែលរបាំ ភួងនារី ដោយ ម៉ម ឆាវរី បានដកពាក្យខ្លះនៅក្នុងរឿង អ៊ីណាវ បុស្បា ដោយអន្លើ សាកា និង រ៉ាត ។ ការដាក់ក្បាច់ និង ការរើសភ្លេងមកបំពេញ អ្នកគ្រូ ជា សាមី ជាអ្នករៀបចំ ។ ច្រៀងកំដរដោយ អ្នកគ្រូ ជា ខាន់ និង អ្នកគ្រូ ឯម ធាយ ដែលយកតាមលំនាំបទ ដើមឈឹង ។
របាំអប្សរាបានឈានទៅដល់ចំណុចកំពូល ល្អឥតខ្ចោះ និងបានចេញរាំជាដំបូងនៅខេត្តសៀមរាប (អង្គរ) ដើម្បីថតជាខ្សែភាពយន្តដោយលោក ម៉ាកសែល កាមីស៍ ក្នុងកំឡុងឆ្នាំ ១៩៦១ ឬ ១៩៦២ ។នៅឆ្នាំ ១៩៦៣ ចេញ ទៅសម្ដែងនៅប្រទេសបារាំង ។ នៅឆ្នាំ១៩៦៤ ចេញទៅសម្ដែងនៅ សិង្ហបុរី ក្នុងពិធីសម្ពោធមហោស្របសិល្បះ ទូទាំងសាកល ដែលបានទទួលជោគជ័យ និងមានការគាំទ្រ និង កោតសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង ។ តួឯករាំដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី ដែលព្រះអង្គជាតួឯកដំបូងគេបង្អស់នៃរបាំ ។ តួសម្ដែងជាបន្តបន្ទាប់មានដូចជា ៖
- អ្នកស្រី សេង ស្រីមុំ
- អ្នកស្រី វ័ន សាវៃ
- អ្នកស្រី ឌុក ថាច
- អ្នកស្រី វ័ន សាវង្ស
- អ្នកស្រី យឹម ទេវី
- អ្នកស្រី ម៉ម កណិការ
- អ្នកស្រី អ៊ុក ផល្លា
- កញ្ញា សុខ សុខឿន ៕
No comments:
Post a Comment