Monday, December 27, 2010

ខេត្តព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ គឺជា​ខេត្ត​មួយ​ដែល​នៅ​ជាប់​និង​មាត់​សមុទ្រ​និងស្ថិត​នៅផ្នែក​និរតី​នៃ​ ទីក្រុង​ភ្នំពេញ​ក៏​ដូចជា​ព្រះរាជា​ណា​ច​ក្រ​​កម្ពុជា​  ប្រជា​ជន​កម្ពុជា​អាចធ្វើ​ដំណើ​រទៅកា​ន់ក្រុង​ព្រះ​សី​ហនុ​បាន​តាមរ​យៈ​ ផ្លូវ​ជាតិ​លេខ៤​ដែល​មាន​ចំងាយ​ប្រ​ហែ​ល​២៥០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ ភ្នំពេញ​  ប្រជា​ជន​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ច្រើន​ប្រក​បរបរ​នេសាទ​ កសិកម្ម​ និង​បំរើ​សេវា​កម្ម​ផ្សេងៗ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរណ៏​ ។ល។​ គួប​ផ្សំ​ជា​មួយ​និង​ភាព​ស្រស់​ស្អាត​នៃ​ឆ្នេរ​ខ្សាច់​ជា​ច្រើន​ផង​នោះ​ ខេត្ត​ព្រះ​សី​ហនុ​បាន​ទាក់​ទាញ​នូវភ្ញៀ​វទេស​ចរណ៏​ជាតិនិង​អន្តរ​ជាតិ​ ជាច្រើ​នដែ​លបាន​ទៅ​កំ​សាន្តនៅ​ទី​នោះ។
ទឹកដីដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅកម្ពុជា គឺ​ខេត្ត​ព្រះសីហនុ។ ក្នុងមួយថ្ងៃៗមាន​ទេសចរ​ទៅ​កម្សាន្ត​រាប់រយ​នាក់​នៅតាម​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​សក្បុស ក្រៅពី​តំបន់​ឆ្នេរសមុទ្រ​ដែលជា​តំបន់​ទេសចរ​ដ៏​សំខាន់​ខេត្ត​នេះ​ក៏​ជា​តំបន់ឧស្សាហកម្ម​ផងដែរ មាន​កំពង់ផែ​អន្តរជាតិ​មួយកន្លែង​ដែលមាន​ផ្ទៃ​ប្រមាណ៩៨០០ម៉ែត្រ​ការេ​កសាងឡើង នៅក្នុង​ឆ្នាំ១៩៥៤ និង​បើក​ឱ្យមាន​ការប្រើប្រាស់​នៅក្នុង​ឆ្នាំ១៩។
            តំបន់​កម្សាន្ត​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ​ចែកចេញជា៣ផ្នែក​គឺ តំបន់​កម្សាន្ត​ឆ្នេរ​ក្រុង តំបន់​កម្សាន្ត​កោះ និង​តំបន់ កម្សាន្ត​ទឹកសាប។



            -តំបន់​កម្សាន្ត​ឆ្នេរ​ក្រុង
            ជា​តំបន់​ដែលមាន​ឆ្នេរ​ឋិត​នៅជាប់​នឹង​ក្រុង​តែម្ដង ដែល​ទេសចរ​អាចធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កម្សាន្ត​បាន។ តំបន់​នេះ​មាន​ឆ្នេរ​ខ្សាច់​សក្បុសជាមួយនឹង​ទឹកសមុទ្រ​ខៀវ ស្រងាត់​គួរឱ្យ​ចង់​ងូត។ ឆ្នេរ​នៅ​តំបន់ នេះ​មានដូចជា ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល ឆ្នេរ៧ជាន់ ឆ្នេរ​ដើម​ជ្រៃ ឆ្នេរ​ឯករាជ្យ ឆ្នេរសមុទ្រ​រាម ជាដើម។
            -តំបន់​កម្សាន្ត​កោះ
            គេ​អាចធ្វើ​ដំណើរ​តាម​ទូក ឬ​កាណូត​ដើម្បី​ទៅ​កម្សាន្ត​នៅ​កោះ​មួយចំនួន​ដែលមាន​ទីតាំងជិតៗ ខេត្ត​ព្រះសីហនុ ដូចជា កោះ​ថ្មី កោះ​តា​កៀវ កោះ​ឬ​ស្សី កោះពស់​ជាដើម។ តំបន់​កោះ​ទាំងនេះ​មាន​ទេសភាព​ស្រស់ស្អាត​ព្រមទាំង​មាន​ឆ្នេរ​ខ្សាច់​ដ៏​ត្រកាល​ផងដែរ។ ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​កោះ ព្រោះ​មាន​ទេសភាព​គួរឱ្យ​ទាក់ចិត្ត​ជាមួយនឹង​ទឹក សមុទ្រ​ថ្លាយង់ មាន​ទាំង​ឆ្នេរ​ខ្សាច់​សក្បុស និង​ធម្មជាតិ​ព្រៃភ្នំ ប្រណីតៗ ទៀតផង។
            -តំបន់​កម្សាន្ត​ទឹកសាប
            ស្ថិតនៅក្នុង​ខណ្ឌ​ព្រៃនប់ មាន​ចម្ងាយ៧គី​ទ្បូ​មែត្រ​ពី​ទីក្រុង​ព្រះសីហនុ រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ ដីក្រហម​ចម្ងាយ ជាង៩គី​ទ្បូ​មែត្រ​ទៀត។ ទឹកជ្រោះ​នៅ​ក្បាលឆាយ​មាន​ប្រភព​ផ្សេង​ពី​បណ្ដា​ភ្នំ​តាម​តំបន់​មាត់សមុទ្រ។ ទឹកជ្រោះ​ក្បាលឆាយ ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នាំ១៩៦០ ហើយ​រហូតមកដល់​ឆ្នាំ១៩៦៣ វា​ត្រូវបាន​គេ​រៀបចំ​ធ្វើជា​ប្រភព​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុងព្រះសីហនុ ប៉ុន្តែ​ការរៀប​ចំនេះ​ត្រូវ​បរាជ័យ ហើយ​បាន​ក្លាយទៅជា​ជំរំ​លាក់ខ្លួន​របស់​ពួក​ខ្មែរ ក្រហម​ទៅវិញ។ ក្នុង​ឆ្នាំ១៩៩៧ តំបន់​ក្បាលឆាយ​ត្រូវបាន ផ្លាស់ប្ដូរ​អោយក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ រហូតមកដល់ ឆ្នាំ១៩៩៨ ក្បាលឆាយ​ត្រូវបាន​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន​មួយ​ដើម្បី​ធ្វើការ សាងសង់​ផ្លូវ និង​ផ្លាស់ប្ដូរ​តំបន់​នេះ​អោយ​ក្លាយជា​មណ្ឌល​ទេសចរ​សំរាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អភិវឌ្ឍ​តំបន់​នេះ​អោយក្លាយ​ទៅជា​កន្លែង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ក្រុងព្រះសីហនុ​ផងដែរ។ ទេសចរ​ភាគច្រើន​ជា​ជនជាតិខ្មែរ​ដែល​មកពី​ទី កន្លែងផ្សេងៗដូចជា​ខេត្ត​ព្រះសីហនុ កោះកុង ខេត្តកំពត និង​ក្រុងភ្នំពេញ ដែល​ពួកគេ​ចូលចិត្ត​ទៅ​កម្សាន្ត​ជា​លក្ខណ គ្រួសារ​ដោយមាន​រៀបចំ​អាហារ​សម្រាប់​ទទួលទាន​រួចស្រេច​ផងដែរ។

Wednesday, December 22, 2010

រមណីយដ្ឋានទេសចរណ៍ថ្មរូង


   អូរថ្មរូងស្ថិត​នៅក្នុង​ភូមិព្រៃ​ប្រសិទ្ធិ៍​ ឃុំបាក់​រទេះ ​ស្រុក​  កំ​ពង់​សិលា ​ខេត្ត​កោះកុង​ នៅក្បែរ​​ចំណុច​ប្រសព្វ​រវាង​ខេត្ត​កោះកុង​ និង​ខេត្ត​កំពង់​ស្ពឺ ​។ បើ​យើងធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​លើ​កំណាត់​ផ្ទះជាតិ​លេខ​ ៤ ឆ្ពោះ​ទៅទី​ក្រុង​ព្រះ​សីហនុ​ដល់​គីឡូម៉ែត្រ​លេខ​ ១១៨​ ដែល​ហួស​ពី​ចំណោត​យាយ​ម៉ៅ​ពេជ្រ​និល​បាន​ប្រមាណ​ ១២​ គីឡូម៉ែត្រ​ រួច​ក្រឡេក​មើលខា​ង​ស្តាំដៃ​ យើង​នឹង​បាន​ឃើញ​ ផ្លូវ​លំក្រាល​ក្រួសក្រហម​មួយហើយ​បន្ត​ដំណើរ​លើ​កំណាត់​ផ្លូវ​នោះ ៦ គីឡូ​ម៉ែត្រ​នឹង​បាន​ទៅ​ដល់​ អូរ​ថ្មរូង​ ។
នៅ​អមសង​ខាង​រមណីយ​ដ្ឋានអូរ​ថ្មរូង​មានល​ក្ខណៈពិ​សេស​ និង ល្អ​ខុសប្លែក​ពីរមណីយដ្ឋាន​ផ្សេងៗដោ​យសារ ​តែនៅ​អមសង​ខាងអូរ​មានភ្នំ​ខ្ពស់ទាបៗ​ដែលមាន​ព្រៃ និង​ វល្លិ៍ធ្លាក់​សំយាក​ទៅក្នុងអូ​រដែល​ធ្វើឱ្យ​អ្នកទេសចរ​ដែលចុះ​ទៅ ងូត​ទឹកលេង​មាន​សភាព​សប្បាយ​រីករាយ​ ជាមួយ​នឹង​ធម្មជាតិ​ ។ រឹត​តែ​ពិសេស​ជាង​នេះទៅ​ទៀត នៅ​គ្រប់​ទីក​ន្លែង​នៃ បាត​អូរមាន​ដុំថ្ម​តូចធំ​យ៉ាងច្រើន​មានខ្លះ​ងើបផុត​ពីផ្ទៃ​ទឹកអាច​ឱ្យភ្ញៀ​វ​អង្គុយលេ​ងយ៉ាងសប្បាយ​រីករាយ​ឯដុំ​ថ្មខ្លះ​ បាន​នៅបំប្រះ​ទឹកដែល​ភ្ញៀវអាច​ឈរនៅ​លើដុំ​ថ្ម​ប៉ប្រះ​ទឹក​នោះ​  មើល​ពីចម្ងាយ​ទៅហាក់​ដូចជា​ គេមាន​សិល្ប៍​វេទមន្ត​ អាច​ដំណើរ​លើទឹក​បាន ​។
ក្រៅពី​មើលខ្សែ​ទឹកហូរ​រត់គេច​វាងជា​មួយនឹង​ផ្ទាំងថ្ម​ដែលងើប​ផុតពី​ផ្ទៃទឹក​នោះ ភ្ញៀវអាច​ស្តាប់សំឡេង​ទឹកធ្លាក់​ លាន់រំ​ពឹងព្រៃ​លាយឡំ​ជាមួយ​នឹង​សំឡេង​សត្វបក្សី​យំយ៉ាង​រំពងព្រៃ​ផងនោះ​បានបង្កើ​តជាតន្ត្រី​ធម្មជាតិ​មួយ​យ៉ាង​ពីរោះ​ ដែលយើង​ពិបាក​នឹងរកអ្វី​មកប្រៀប​ប្រដូច​ឱ្យស័ក្តិ​សមណាស់​ ។
រមណីយដ្ឋាន អូរថ្មរូងមានតំបន់កម្សាន្តលំហែកាយខុសៗគ្នាចំនួន ៤ ។ តំបន់ អូរថ្មរូងស្ថិតនៅដើមដំបូងគេ តំបន់នេះ​មានដង​អូរហ៊ុម​ព័ទ្ធសង​ខាងទៅ​ដោយភ្នំ​ដែលមាន​ដើមឈើ ​និង ​វល្លិវា​រយីង​រយោង​យ៉ាង​ក្រាស់ ​។ នៅក្នុង​ ដង​អូរ​មាន​ដុំថ្ម​ធំៗយ៉ាង​ច្រើន​ងើបផុត​ពីផ្ទៃ​ទឹក តំ​បន់​នេះ ចម្ងាយ​ប្រវែង​​១.៥០០​ ម៉ែត្រ​នឹង​មាន​ចរន្ត​ទឹកហូរ​មិន​សូវ​ខ្លាំង​ ប៉ុន្មាន​ឡើយ​ ។ តំបន់​អូរថ្មរូង​ទីពីរ​លាត​សន្ធឹង​ចម្ងាយ​ ១.១០០​ ម៉ែត្រ​ ដែល​មាន​ទេសភាព​មិន​ចាញ​តំបន់​ទីមួយ​ឡើយ​ ប៉ុន្តែ​តំបន់​នេះមាន​ល្បឿន​ទឹកហូ​រលឿន​ជាង​តំបន់​ទីមួយ​ព្រោះ​តំបន់​នេះ​ស្ថិត​នៅ​ភាគ​ខាង​លើ ​។ តំបន់​ទីបី​គឺជា​តំបន់​ ទឹកធ្លាក់​ចំណុច​នេះហើយ​ដែលភ្ញៀវ​ទេសចរ​ទាំងឡាយ​ ដែលបា​នទៅ​ដល់ទី​នោះហើយ​ត្រូវតែ​ចង់ឃើញ​នូវ​ទិដ្ឋ​ភាព​នៃ​ ទឹកធ្លាក់​ពី​កំពូល​ភ្នំខ្ពស់​មកប៉ះ​ព្រៃប្រឹក្សា​និង​ ផ្ទាំង​ថ្មធំៗ​បែកខ្ចាយ​មុននឹង​ហូរចូល​ទៅដង​អូរ ។ ទិដ្ឋ​ភាព​ និង​ ទេស​ភាព ​នៅ​ទីនេះ​បានធ្វើ​ឱ្យភ្ញៀវ​ទាំងឡាយ​សម្លឹងផ្តិត​យករូ​ប​ភាព​ដោយ​មិនអាច​ប៉ប្រិច​ភ្នែកឡើយ ​។ ភ្ញៀវខ្លះ​នាំគ្នា​ទៅងូត​ទឹកនៅ​ ខាង​ក្រោម​នៃល្បាក់​ទឹកធ្លាក់​យ៉ាងសប្បាយ​រីករាយ​ និង​ តំបន់​ទីបួន​គឺជា​តំបន់​ទេសភាព​ធម្មជាតិ​ដែលស្ថិត​នៅអម​សងខាង​អូរ​ ភ្ញៀវ​ទេសចរ​ទាំងឡាយ​អាចទៅ​អង្គុយលេង​នៅតាម​ជម្រាល​នៃជើង​ភ្នំ ​ឬក៏​អ្នកខ្លះ​អាចអង្គុយ​លេងនៅ​លើវល្លិ៍​ដែលដុះ​តភ្ជាប់​គ្នា ពីដើម​ឈើមួយ​ទៅដើម​ឈើមួយ​ទៀត ​។ ទេសភាព​បែបនេះ​គេកម្រ​នឹង​ឃើញ​មាន​ណាស់​ នៅក្នុង​ប្រទេសកម្ពុជា​យើងសព្វថ្ងៃ​នេះ ។

Monday, December 20, 2010

អប្សរា

ពាក្យ អប្សរ​​​ ដែល​ពាក្យ​សំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី​ គឺ អច្ឆរា ជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់, ផូរផង់ ​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថា ស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាល​ដែល​កូរ​យក​ទឹក​អម្ឫត នៅ​សមុទ្រ​ទឹក​ដោះ ។ បាន​សេចក្ដី​ថា ក្នុង​ចលនា​កូរ​មាន​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ ច្រើន​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព​អប្សរ​ជា​ច្រើន ពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាស ។ ប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេ, ដែល​ហៅ ថា​ អប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោម
ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយ​ជា អក្សរ ក៏​មាន ដូច​ជា​ពាក្យ ស្រី​អក្សរ, ស្រី​ទេព​អក្សរ​បវរ​កញ្ញា ជា​ដើម ។ យើង​គួរ​តែ​កុំ​ប្រើ​ ហើយ​ត្រូវ​ប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ ។
រូប ​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជា​ច្រើន ពិសេស​ប្រាសាទ​អង្គរ​វត្ត ដែល​មាន​រូប​នាង​រាបពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នា ។ នាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេង​ៗ​ដែរ ដូច​ជា របាំ​ទេព​មនោ​រម្យ និង របាំ​មុនី​មេខលា​ជា​ដើម ។
របាំ​អប្សរា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ សម្ដេច​ព្រះរាជ​កនិដ្ឋា​ នរោត្ដម រស្មី​សោភ័ណ ជា​ព្រះ​អនុជ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ព្រះ​នាយិការ​​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​​សម្ដែង​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ ដល់​សិស្ស​ពូកែ ដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សា​ម្ដង​ៗ ។ ព្រះ​អង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៨ ដែល​រាំ​ជា​តួ​ឯក​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម វិជ្ជរា ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ឆ្នាំ​បន្ទាប់​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម សុជាតិ​វត្តីយា ជា​ព្រះរាជបុត្រី​នៃ​ព្រះករុណា​ព្រះ​បាទ នរោត្ដម សីហនុ ដែល​បង្ហាត់​ដោយ​អ្នកគ្រូ ជា សមី ។
ការ ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំ ភួង​នារី ដោយ​ ម៉ម ឆាវរី បាន​ដក​ពាក្យ​ខ្លះ​នៅ​ក្នុង​រឿង អ៊ីណាវ បុស្បា ដោយ​អន្លើ សាកា និង រ៉ាត ។ ការ​ដាក់​ក្បាច់​ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នក​គ្រូ​ ជា​ សាមី​ ជា​អ្នក​រៀប​ចំ ។ ច្រៀង​កំដរ​ដោយ អ្នក​គ្រូ ជា ខាន់ និង អ្នក​គ្រូ ឯម ធាយ ដែល​យក​តាម​លំនាំ​បទ ដើមឈឹង
របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល ល្អ​ឥត​ខ្ចោះ និង​បាន​ចេញ​រាំ​ជា​ដំបូង​នៅ​ខេត្ត​សៀម​រាប (អង្គរ) ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​​ដោយ​លោក ម៉ាកសែល កាមីស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ១៩៦២ ។នៅ​ឆ្នាំ ១៩៦៣ ចេញ ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ សិង្ហបុរី ក្នុង​ពិធី​សម្ពោធ​មហោស្រប​សិល្បះ ទូទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ និង​មាន​ការ​គាំទ្រ​ និង កោត​សរសើរ​ពី​សំណាក់​ទស្សនិក​ជន​យ៉ាង​ខ្លាំង ។ តួឯក​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី ដែល​ព្រះ​អង្គ​ជា​តួ​ឯក​ដំបូង​គេ​បង្អស់នៃ​របាំ ។ តួ​សម្ដែង​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា
  • អ្នក​ស្រី សេង ស្រីមុំ
  • អ្នក​ស្រី វ័ន សាវៃ
  • អ្នក​ស្រី ឌុក ថាច
  • អ្នក​ស្រី វ័ន សាវង្ស
  • អ្នក​ស្រី យឹម ទេវី
  • អ្នក​ស្រី ម៉ម កណិការ
  • អ្នក​ស្រី អ៊ុក ផល្លា
  • កញ្ញា សុខ សុខឿន ៕

Monday, December 6, 2010

ខេត្ត​សៀមរាប

ខេត្ត​សៀមរាប​ ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំ​បន់​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ដែល​មាន​ចំងាយ​ប្រវែង​ ៣១៤​ គ.ម ពីទីក្រុងភ្នំពេញ មាន​ពំ្រប្រទល់​ខាង​កើតជាប់​នឹង​ខេត្ត​កំពង់ធំ​ និងខេត្ត​ព្រះវិ​ហារ, ខាង​លិច​ជាប់​នឹង​ខេត្ត​បន្ទាយ​មានជ័យ, ខាង​ជើង​ជាប់​នឹង​ខេត្ត​ឧត្តរមាន​ជ័យ និង​ខេត្តព្រះវិហារ, និង​​ខាងត្បូង​ជាប់​នឹង​ខេត្ត​បាត់​ដំ​បង​ និង​បឹងទន្លេសាប ។ ព្រំប្រទល់​ជាប់​បឹង​ទន្លេសាប​មាន​ប្រវែង​ ៨២ គ.ម ​ដែល​ស្ថិត​នៅ​ជាប់​ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង, ស្រុកសៀមរាប, ស្រុកពួក​និង​ស្រុកក្រឡាញ់ ។​តំបន់នេះមាន​សីតុណ្ហភាព ការ​ហួត​ហែង សំនើម ភាពរាំងស្ងួត និង​ជំនន់ យើង​អាច​បែង​ចែក​តំបន់​ទាំង​​នេះ​ជា​បី​ផ្នែក​គឺ ផ្នែក​ខាង​លើ​មាន​ ១៣​ ឃុំ​, ផ្នែក​កណ្តាល​មាន​៦៩ឃុំ និង​ផ្នែក​ខាង​ក្រាម​ជាប់​បឹងទន្លេសាប​មាន​ ១៨​ឃុំ។តាម​ប្រវត្តិសាស្ដ្រ ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង ​ពីសតវត្ស​ទី​ ១២ ដល់​ ១៣។ ដោយសារ​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ខេត្តនេះត្រូវ​បានដាក់ឈ្មោះ​បែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ព​សៀម​នៃ​​​រាជាណាចក្រ​អយុធ្យានៅ​សតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំង​ពិភពលោក​​​​​​​​​ថា​​​​​ជាខេត្ត​តាំងនៅនៃ​ប្រាសាទអង្គរវត្តដ៏​ល្បីល្បាញ។

អង្គរវត្ត

អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើ ពិភពលោក។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​ សម័យអង្គរ។ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​ពិភពលោក​នៃ ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​ ១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​